សម្រាប់មនុស្សសម័យមុនភាគច្រើន កាហ្វេគឺជាភេស្ជជៈសម្រាប់អ្នកមាន ប៉ុន្តែសម័យបច្ចុប្បន្ននេះវិញ សឹងតែមនុស្សគ្រប់គ្នាហើយដែលអាចឆុងកាហ្វេញ៉ាំខ្លួនឯងនៅផ្ទះបាន ឬក៏ចំនាយតែប៉ុន្មានពាន់រៀលដើម្បីទិញកាហ្វេដែលគេឆុងរួចស្រេចមកទទួលទាន។ប្រសិនបើអ្នកចូលចិត្តញ៉ាំកាហ្វេខ្មៅ អត្ថបទមួយនេះនឹងជួយឱ្យអ្នកយល់កាន់តែច្បាស់អំពីគុណសម្បត្តិរបស់កាហ្វេខ្មៅដែលអ្នកពុំធ្លាប់ដឹង។ វាមិនត្រឹមតែផ្តល់ថាមពលដល់អ្នកប៉ុណ្ណោះទេ វាថែមទាំងជួយទៅដល់សុខភាពរបស់អ្នកជាច្រើន ដូចជា៖
១. កាត់បន្ថយឱកាសនៃការកើតជម្ងឺមហារីក
កាហ្វេខ្មៅអាចកាត់បន្ថយជម្ងឺមហារីកមួយចំនួនដូចជា ជម្ងឺមហារីកមាត់ ជម្ងឺមហារីកក្រពេញប្រូស្តាត ជម្ងឺមហារីកថ្លើម និងជម្ងឺមហារីកពោះវៀនធំ។ អ្នកវិទ្យាសាស្ត្រនៅមិនទាន់កំណត់បានពីមូលហេតុជាក់លាក់ដែលធ្វើឱ្យកាហ្វេជួយកាត់បន្ថយហានិភ័យនៃជម្ងឺមហារីកទេ ប៉ុន្តែក៏មានការលើកឡើងមួយថាដោយសារតែកាហ្វេមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម (សារធាតុដែលអាចជួយការពារ ឬពន្យារការបំផ្លាញកោសិកា) វាជួយការពារការកើតជម្ងឺមហារីក។
២. ជួយឱ្យមានអារម្មណ៍ល្អ
ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេខ្មៅ ជួយជម្រុញខួរក្បាលយើងឱ្យបញ្ចេញសារធាតុដូប៉ាមីន (Dopamine ជាធាតុគីមីដែលបញ្ចេញដោយខួរក្បាលធ្វើឱ្យយើងមានអារម្មណ៍ល្អ) ដែលវាជួយក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺធ្លាក់ទឹកចិត្ត (depression)។ ការសិក្សាបានបង្ហាញថា ការទទួលទានកាហ្វេខ្មៅ ២ ទៅ ៤ កែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយឱកាសកើតជម្ងឺធ្លាក់ទឹកចិត្តបានមួយផ្នែកផងដែរ។
៣. ជួយក្នុងការគ្រប់គ្រងទម្ងន់
ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេខ្មៅ មិនត្រឹមតែជួយឱ្យយើងរីករាយប៉ុណ្ណោះទេ វាក៏ជួយក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។ ការសិក្សាបានបង្ហាញថា នៅពេលដែលអ្នកទទួលទានកាហ្វេខ្មៅជាប្រចាំ វាជួយជម្រុញការរំលាយអាហារ ជួយឱ្យអ្នកសកម្មជាងមុន ដែលជួយដុតកម្ទេចកាឡូរីច្រើនជាងមុន និងជួយដុតបំផ្លាញខ្លាញ់ក្បាលពោះទោះបីជាពេលអ្នកកំពុងសម្រាកក៏ដោយ។
៤. ជួយបង្កើនការចងចាំ
នៅពេលដែលអាយុយើងកើនឡើង ហានិភ័យនៃជម្ងឺវង្វេង និងជម្ងឺភ្លេចភ្លាំងក៏កើនឡើងដូចគ្នា។ ការទទួលទានកាហ្វេខ្មៅនៅពេលព្រឹកជួយឱ្យខួរក្បាលសកម្មជាងមុន ដែលជួយបង្កើនថាមពលនៃការចងចាំ។ ក្នុងពេលដំណាលគ្នានោះដែរ វាក៏ជួយធ្វើឱ្យសរសៃប្រសាទសកម្ម ដែលជួយដល់ការការពារជម្ងឺវង្វេង។ អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាហានិភ័យនៃការកើតជម្ងឺវង្វេង និងជម្ងឺភ្លេចភ្លាំងសម្រាប់អ្នកផឹកកាហ្វេគឺ 16% ទាបជាងជាងអ្នកមិនផឹកកាហ្វេ ប៉ុន្តែការសិក្សាបន្ថែមទៀតនៅតែត្រូវធ្វើដើម្បីបញ្ជាក់ការលើកឡើងនេះ។
៥. ជួយដល់សុខភាពបេះដូង
អ្នកវិទ្យាសាស្ត្របានរកឃើញថា ការទទួលទានកាហ្វេខ្មៅ ១ ទៅ ៣ កែវក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូងបាន 15% ។បញ្ហាបេះដូងជាច្រើនគឺដោយសារតែការស្ទះសរសៃឈាម។ ដោយសារកាហ្វេខ្មៅជួយជម្រុញការរំលាយអាហារ វាធ្វើឱ្យជួយការពារពីការឡើងជាតិខ្លាញ់ និងកូលេស្តេរ៉ុលដែលនាំឱ្យសរសៃឈាមស្ទះ។ បញ្ហាស្ទះសរសៃឈាមអាចនាំឱ្យមានបញ្ហាគំរាមកំហែងដល់អាយុជីវិត រួមទាំងគាំងបេះដូងផងដែរ។
ទោះបីជាការទទួលទានកាហ្វេខ្មៅអាចផ្តល់នូវអត្ថប្រយោជន៍មួយចំនួនដល់សុខភាពក៏ដោយ ក៏វាអាចមានផលប៉ះពាល់អវិជ្ជមាន ប្រសិនបើយើងទទួលទានវាច្រើនពេក។ ដូច្នេះហើយ អ្នកគួរតែញ៉ាំកាហ្វេខ្មៅតែ ២ ទៅ ៣ កែវប៉ុណ្ណោះក្នុង ១ ថ្ងៃ ដើម្បីរក្សាសុខភាព និងរាងកាយសមសួន។